ព្រះត្រៃបិដក ភាគ ៤៨
បពិត្រលោកម្ចាស់ដ៏ចំរើន កាលដែលទេវតា និយាយយ៉ាងនេះហើយ ខ្ញុំករុណា ក៏និយាយទៅរកពួកទេវតាទាំងនោះ យ៉ាងនេះថា ម្នាលទេវតាទាំងឡាយ អ្នកទាំងឡាយ គប្បីពោលយ៉ាងនេះក្តី មិនគប្បីពោលយ៉ាងនេះក្តី ឯធម៌ពិត ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃមែន។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំមិនដឹងថា ចិត្តដែលប៉ោងឡើង ព្រោះរឿងនោះជាហេតុទេ ពួកទេវតាតែងចូលមករកខ្ញុំករុណាក៏មាន ខ្ញុំករុណាតែងចរចា ជាមួយនឹងពួកទេវតាក៏មាន។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី៧ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន សញ្ញោជនធម៌ទាំងឡាយ ជាចំណែកខាងក្រោម ៥ យ៉ាងណា ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ បណ្តាសញ្ញោជនៈទាំងនោះ ខ្ញុំករុណាពិចារណារកសញ្ញោជនធម៌បន្តិចបន្តួច ដែលមិនទាន់លះបង់ក្នុងខ្លួនមិនឃើញឡើយ។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី៨ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន ធម៌អស្ចារ្យចំឡែកទាំង ៨ នេះឯង តែងមាន (ដល់ខ្ញុំករុណា) ចំណែកខ្ញុំករុណា មិនដឹងសោះថា ខ្ញុំករុណាប្រកបដោយធម៌អស្ចារ្យចំឡែក ៨ យ៉ាង ដូចម្តេចខ្លះ ដែលព្រះដ៏មានព្រះភាគ ទ្រង់បានព្យាករហើយ។
ID: 636854672014289946
ទៅកាន់ទំព័រ៖