ព្រះត្រៃបិដក ភាគ ៤៨
ព្រះដ៏មានព្រះភាគ បានត្រាស់ពាក្យនេះ លុះព្រះសុគត ទ្រង់ត្រាស់ពាក្យនេះរួចហើយ ក៏ក្រោកចាកអាសនៈ ស្តេចចូលទៅកាន់វិហារ។ គ្រានោះ ភិក្ខុ ១រូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់លំនៅរបស់ឧគ្គគហបតី អ្នកស្រុកហត្ថិគ្រាម លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ លំដាប់នោះ ឧគ្គគហបតី អ្នកស្រុកហត្ថិគ្រាម ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ ថ្វាយបង្គំភិក្ខុនោះ ហើយអង្គុយក្នុងទីសមគួរ។ លុះឧគ្គគហបតី អ្នកស្រុកហត្ថិគ្រាម អង្គុយក្នុងទីសមគួរហើយ ភិក្ខុនោះពោលដូច្នេះថា ម្នាលគហបតី អ្នកប្រកបដោយធម៌អស្ចារ្យចំឡែក ៨ យ៉ាង ដែលព្រះដ៏មានព្រះភាគទ្រង់ព្យាករហើយ ម្នាលគហបតី អ្នកប្រកបដោយធម៌អស្ចារ្យ ៨យ៉ាងណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយ ធម៌អស្ចារ្យចំឡែក ៨ យ៉ាងនោះ តើដូចម្តេច។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណាមិនដឹងសោះថា ខ្ញុំករុណា ប្រកបដោយធម៌អស្ចារ្យចំឡែក ៨ យ៉ាង ដូចម្តេចខ្លះ ដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយទេ បពិត្រលោកម្ចាស់ដ៏ចំរើន ក៏ប៉ុន្តែ ធម៌អស្ចារ្យចំឡែក ៨ យ៉ាងណា ដែលមានដល់ខ្ញុំករុណា សូមលោកម្ចាស់ស្តាប់នូវធម៌អស្ចារ្យចំឡែកទាំងនោះ សូមធ្វើទុកក្នុងចិត្តដោយប្រពៃចុះ ខ្ញុំករុណានឹងសំដែង។
ID: 636854672459885432
ទៅកាន់ទំព័រ៖