ព្រះត្រៃបិដក ភាគ ៤៨
ភិក្ខុនោះ ទទួលស្តាប់ពាក្យឧគ្គគហបតី អ្នកស្រុកហត្ថិគ្រាមថា ចំរើនពរ គហបតី។ ឧគ្គគហបតី អ្នកស្រុកហត្ថិគ្រាម បានពោលដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន កាលណាខ្ញុំករុណា កំពុងត្រាច់ទៅក្នុងនាគវន បានឃើញព្រះដ៏មានព្រះភាគជាដំបូង អំពីចម្ងាយ បពិត្រលោកដ៏ចំរើន ចិត្តខ្ញុំករុណាក៏ជ្រះថ្លា ចំពោះព្រះដ៏មានព្រះភាគ ដោយគ្រាន់តែឃើញប៉ុណ្ណោះ ទាំងការស្រវឹងសុរា ក៏ស្វាងទៅ។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី១ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន លុះខ្ញុំករុណាមានចិត្តជ្រះថ្លាហើយ ក៏ចូលទៅអង្គុយជិតព្រះមានព្រះភាគ ព្រះអង្គទ្រង់សំដែងអនុបុព្វីកថាដល់ខ្ញុំករុណា គឺទ្រង់ប្រកាសទានកថា សីលកថា សគ្គកថា ទោសរបស់កាមដ៏លាមកសៅហ្មង និងអានិសង្សក្នុងការចេញចាកកាម។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា ខ្ញុំករុណាមានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះអង្គក៏ទ្រង់សំដែងធម៌ទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែង ដោយព្រះអង្គឯង គឺទ្រង់សំដែងទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច ក្នុងកាលនោះ។
ID: 636854672692968764
ទៅកាន់ទំព័រ៖