ព្រះត្រៃបិដក ភាគ ៤៨
បើនាងណាប្រាថ្នា នាងនោះចូរប្រើប្រាស់នូវភោគសម្បត្តិទាំងនេះផង ចូរធ្វើបុណ្យទាំងឡាយផងចុះ ឬថា ទៅកាន់ត្រកូលញាតិរបស់ខ្លួនក៏បាន ពុំនោះសោត នាងទាំងឡាយ ត្រូវការបុរសណា យើងនឹងឲ្យនាងទាំងឡាយទៅបុរសនោះ។ បពិត្រលោកម្ចាស់ដ៏ចំរើន កាលដែលខ្ញុំករុណានិយាយយ៉ាងនេះហើយ នាងដែលជាប្រពន្ធច្បងនោះ ក៏និយាយនឹងខ្ញុំករុណា ដូច្នេះថា បពិត្រអយ្យបុត្គ សូមអ្នកឲ្យខ្ញុំទៅបុរសឈ្មោះនេះចុះ។ បពិត្រលោកម្ចាស់ដ៏ចំរើន ទើបខ្ញុំករុណា ក៏ឲ្យគេហៅបុរសនោះមក ហើយដៃឆ្វេងកាន់ប្រពន្ធ ដៃស្តាំកាន់កុណ្ឌី (ច្រួចទឹក) ប្រគល់ឲ្យទៅបុរសនោះ។ បពិត្រលោកម្ចាស់ដ៏ចំរើន កាលខ្ញុំករុណា លះបង់នាងកុមារីឲ្យទៅជាទានហើយ ក៏មិនដឹងធ្វើចិត្តឲ្យប្រែប្រួលឡើយ។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី៣ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន ភោគសម្បត្តិទាំងឡាយ មានច្រើនក្នុងត្រកូលរបស់ខ្ញុំករុណា តែភោគសម្បត្តិទាំងនោះ មិនទាន់បានចែកមុខ អំពីអ្នកមានសីល មានកល្យាណធម៌ទាំងឡាយទេ។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី៤ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន បើខ្ញុំករុណាចូលទៅអង្គុយជិតភិក្ខុណា តែចូលទៅអង្គុយជិតដោយគោរព មិនបានចូលទៅអង្គុយជិតដោយមិនគោរពទេ។
ID: 636854673038058502
ទៅកាន់ទំព័រ៖