ព្រះត្រៃបិដក ភាគ ៤៨
ភិក្ខុឯណោះ ជាអ្នកមានសីល មានកល្យាណធម៌ ភិក្ខុឯណោះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ហេតុនេះ មិនជាអស្ចារ្យទេ។ បពិត្រលោកម្ចាស់ដ៏ចំរើន កាលខ្ញុំករុណា កំពុងអង្គាសព្រះសង្ឃ មិនដឹងធ្វើចិត្តឲ្យកើតឡើងយ៉ាងនេះថា អាត្មាអញ ឲ្យវត្ថុតិច ដល់ភិក្ខុនេះផង ឲ្យវត្ថុច្រើនដល់ភិក្ខុនេះផងទេ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណាឲ្យទានមានចិត្តស្មើដោយពិត។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី៦ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន ពួកទេវតា តែងចូលមករកខ្ញុំករុណា ហើយប្រាប់ថា ម្នាលគហបតី ព្រះធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ មិនជាអស្ចារ្យទេ។ បពិត្រលោកម្ចាស់ដ៏ចំរើន កាលដែលពួកទេវតាពោលយ៉ាងនេះហើយ ខ្ញុំករុណា ក៏និយាយទៅរកទេវតាទាំងនោះយ៉ាងនេះថា ម្នាលទេវតា អ្នកទាំងឡាយ គប្បីពោលយ៉ាងនេះក្តី មិនគប្បីពោលយ៉ាងនេះក្តី ឯធម៌ពិត ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃមែន។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណាមិនដឹងថា ចិត្តដែលប៉ោងឡើង ព្រោះរឿងនោះជាហេតុទេ ទោះពួកទេវតា ចូលមករកខ្ញុំករុណាក្តី ខ្ញុំករុណាចរចា ជាមួយនឹងពួកទេវតាក្តី។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី៧ តែងមានដល់ខ្ញុំករុណា។
ID: 636854673880226671
ទៅកាន់ទំព័រ៖