ព្រះត្រៃបិដក ភាគ ៤៨
ម្នាលហត្ថកៈ ពួកជនណាមួយ នឹងសង្គ្រោះបរិសទ្យច្រើន ក្នុងកាលជាអនាគត ជនទាំងអស់នោះ នឹងសង្គ្រោះបរិសទ្យច្រើន ដោយសង្គហវត្ថុទាំង ៤ នេះឯង។ ម្នាលហត្ថកៈ ពួកជនណាមួយ សង្គ្រោះបរិសទ្យច្រើន ក្នុងកាលឥឡូវនេះ ជនទាំងអស់នោះ តែងសង្គ្រោះនូវបរិសទ្យច្រើន ដោយសង្គហវត្ថុទាំង ៤ នេះឯង។ លំដាប់នោះ ហត្ថកអាឡវក កាលដែលព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ណែនាំ ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណចៀសចេញទៅ។ លុះហត្ថកអាឡវក ចៀសចេញទៅមិនយូរប៉ុន្មាន ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុកនូវហត្ថកអាឡវក ថាជាអ្នកប្រកបដោយធម៌អស្ចារ្យចំឡែក ៨ ប្រការ។ ហត្ថកអាឡវក ប្រកបដោយធម៌អស្ចារ្យចំឡែក ៨ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានសទ្ធា ១ មានសីល ១ មានសេចក្តីខ្មាសបាប ១ មានសេចក្តីខ្លាចបាប ១ ជាពហុស្សូត ១ មានចាគៈ ១ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានបញ្ញា ១ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានសេចក្តីប្រាថ្នាតិច ១។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុកនូវហត្ថកអាឡវក ថាជាអ្នកប្រកបដោយធម៌អស្ចារ្យចំឡែក ៨ ប្រការនេះចុះ។
ID: 636854675356151089
ទៅកាន់ទំព័រ៖