ព្រះត្រៃបិដក ភាគ ៤៨
រមែងមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត មិនជាទីគោរព មិនជាទីសរសើរ នៃសព្រហ្មចារីបុគ្គលទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព គួរជាទីសរសើរ នៃសព្រហ្មចារីបុគ្គលទាំងឡាយ។ ធម៌ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រាថ្នាលាភ ១ មិនប្រាថ្នាសក្ការៈ ១ មិនមែនជាអ្នកប្រាថ្នាមិនឲ្យអ្នកដទៃមើលងាយ ១ ស្គាល់កាល ១ ស្គាល់ប្រមាណ ១ មានការងារស្អាត ១ មិននិយាយច្រើន ១ មិនជេរប្រទេចផ្ដាសា នូវសព្រហ្មចារីបុគ្គលទាំងឡាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាងនេះឯង ទើបជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ នៃសព្រហ្មចារីបុគ្គលទាំងឡាយ។
[៥] ម្នាលភិក្ខុទាំងឡាយ លោកធម៌ទាំងឡាយ ៨ យ៉ាងនេះ តែងជាប់តាមនូវសត្វលោក ទាំងសត្វលោក ក៏វិលទៅតាមនូវលោកធម៌ទាំង ៨ ដែរ។ លោកធម៌ ៨ យ៉ាង តើដូចម្ដេចខ្លះ។ គឺ លាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១។ ម្នាលភិក្ខុទាំងឡាយ លោកធម៌ទាំង ៨ យ៉ាងនេះ
ID: 636854614400214609
ទៅកាន់ទំព័រ៖