ព្រះត្រៃបិដក ភាគ ៤៨

អ្នកដឹង​នូវ​អត្ថ​ ​ដឹង​នូវ​ធម៌​ ​ហើយ​ប្រតិបត្តិ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ ​ដោយខ្លួនឯង​ ​ទាំង​បបួល​បុគ្គល​ដទៃ​ ​ឲ្យ​ប្រតិបត្តិ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ ​១​ ​ដោយហេតុ​ណា​ ​បពិត្រ​មហា​នាម​ ​ឧបាសក​អ្នកប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ផង​ ​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ផង​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​។​
 [​២៦​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ជី​វក​ម្ព​វន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ជីវក​កោ​មារ​ភ​ត្យ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​បាន​ជា​ឧបាសក​ ​តើ​ដោយហេតុ​ដូចម្តេច​។​ ​ម្នាល​ជីវក​ ​បុគ្គល​អ្នក​ដល់​នូវ​ព្រះពុទ្ធ​ជាទី​ពឹង​ ​ដល់​នូវ​ព្រះធម៌​ជាទី​ពឹង​ ​ដល់​នូវ​ព្រះសង្ឃ​ជាទី​ពឹង​ ​ដោយហេតុ​ណា​ ​ម្នាល​ជីវក​ ​បុគ្គល​នោះ​ ​បាន​ជា​ឧបាសក​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​។​ ​
 បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ឧបាសក​អ្នកមានសីល​ ​តើ​ដោយហេតុ​ដូចម្តេច​។​ ​ម្នាល​ជីវក​ ​ឧបាសក​ជា​អ្នក​វៀរចាក​បាណាតិបាត​។​បេ​។​ ​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​ន​ ​ដោយហេតុ​ណា​ ​ម្នាល​ជីវក​ ​ឧបាសក​ជា​អ្នកមានសីល​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​។​
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 636854676148296398
ទៅកាន់ទំព័រ៖