ព្រះត្រៃបិដក ភាគ ៤៨

ព្រះ​តថាគត​ទាំងឡាយ​ ​ទ្រង់​កើតឡើង​ ​ក្នុង​លោក​ម្តង​ ​ៗ​ ​ការ​កើតឡើង​ ​នៃ​ព្រះ​តថាគត​ទាំងឡាយ​ណា​ ​ដែល​សត្វ​បាន​ដោយ​កម្រ​ក្រៃពេក​ ​ក្នុង​លោក​ ​ការ​កើតឡើង​នៃ​ព្រះ​តថាគត​ទាំងឡាយ​នោះ​ ​ក៏​កើត​ចំពោះមុខ​ហើយ​ ​ការបាន​អត្តភាព​ជា​មនុស្ស​ផង​ ​ការសំដែង​នូវ​ព្រះ​សទ្ធម្ម​ផង​ ​(​ក៏បាន​កើត​ចំពោះមុខ​ហើយ​)​ ​ជន​អ្នកមាន​សេចក្តី​ប្រាថ្នា​នូវ​ប្រយោជន៍​ ​គួរ​ព្យាយាម​ក្នុង​ព្រះ​សទ្ធម្ម​នោះ​។​ ​បុគ្គល​គប្បី​ដឹង​ច្បាស់​ ​នូវ​ព្រះ​សទ្ធម្ម​ដោយហេតុ​ដូចម្តេច​ ​ខណៈ​កុំ​កន្លង​នូវ​អ្នក​ទាំងឡាយ​ឡើយ​ ​ព្រោះថា​ ​ពួក​ជន​ដែល​ខណៈ​កន្លង​ហើយ​ ​រមែង​សង្រេងសង្រៃ​ក្នុង​នរក​ត្រៀបត្រា​។​ ​បើ​បុគ្គល​ណា​ ​ក្នុង​លោក​នេះ​ ​ញុំាង​សេចក្តី​កំណត់​នូវ​ព្រះ​សទ្ធម្ម​ ​គឺ​អរិយមគ្គ​ ​មិន​ឲ្យ​សម្រេច​ទេ​ ​បុគ្គល​នោះ​ ​ជា​អ្នក​កន្លង​បង់​នូវ​ប្រយោជន៍​ ​រមែង​សង្រេងសង្រៃ​ ​អស់​រាត្រី​យូរ​ ​ដូចជា​ពាណិជ​ ​ដែល​កន្លង​បង់​នូវ​ប្រយោជន៍​ ​ដូច្នោះ​ដែរ​ ​សត្វ​ដែល​អវិជ្ជា​ ​រួបរឹត​ហើយ​ ​មិន​ញុំាង​ព្រះ​សទ្ធម្ម​ឲ្យ​សម្រេច​បាន​ ​គង់​នឹង​ត្រឡប់​មកកាន់​សង្សារ​ ​គឺ​ការ​កើត​ ​និង​ការ​ស្លាប់​ ​អស់កាលដ៏យូរ​ ​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636854678452928215
ទៅកាន់ទំព័រ៖