ព្រះត្រៃបិដក ភាគ ៤៨
ម្នាលអនុរុទ្ធ កាលណាអ្នកនឹងត្រិះរិះ នូវមហាបុរិសវិតក្កៈ ទាំង៨ នេះ ម្នាលអនុរុទ្ធ កាលនោះ អ្នកនឹងប្រាថ្នាដរាបណា អ្នកនឹងស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ដល់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខ កើតអំពីសេចក្តីស្ងប់ស្ងាត់ដរាបនោះ។ ម្នាលអនុរុទ្ធ កាលណាអ្នកនឹងត្រិះរិះ នូវមហាបុរិសវិតក្កៈទាំង ៨ នេះ ម្នាលអនុរុទ្ធ កាលនោះ អ្នកនឹងប្រាថ្នាដរាបណា ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ អ្នកនឹងដល់នូវទុតិយជ្ឈាន ជាធម្មជាត កើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន (ដរាបនោះ)។ ម្នាលអនុរុទ្ធ កាលណាអ្នកត្រិះរិះនូវមហាបុរិសវិតក្កៈទាំង ៨ នេះ ម្នាលអនុរុទ្ធ កាលនោះ អ្នកនឹងប្រាថ្នា ដរាបណា អ្នកនឹងប្រកបដោយឧបេក្ខា ព្រោះមានចិត្តនឿយណាយ ចាកបីតិ មានស្មារតី ដឹងខ្លួន សោយនូវសេចក្តីសុខ ដោយនាមកាយ ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបានតតិយជ្ឈាននោះថា បុគ្គលនេះ ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខដូច្នេះ ព្រោះតតិយជ្ឈានណា អ្នកនឹងដល់នូវតតិយជ្ឈាននោះ (ដរាបនោះ)។
ID: 636854683631314402
ទៅកាន់ទំព័រ៖