ព្រះត្រៃបិដក ភាគ ៤៨

 [​៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លោកធម៌​ទាំង​ ​៨​ ​យ៉ាងនេះ​ ​តែង​ជាប់​តាម​សត្វលោក​ ​ទាំង​សត្វលោក​ ​ក៏​វិល​ទៅតាម​នូវ​លោកធម៌​ទាំង​ ​៨​ ​យ៉ាង​ដែរ​។​ ​លោកធម៌​ ​៨​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​លាភ​ ​១​ ​អលាភ​ ​១​ ​យស​ ​១​ ​អយស​ ​១​ ​និន្ទា​ ​១​ ​បសំសា​ ​១​ ​សុខ​ ​១​ ​ទុក្ខ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លោកធម៌​ទាំង​ ​៨​ ​យ៉ាងនេះ​ឯង​ ​តែង​ជាប់​តាម​សត្វលោក​ ​ទាំង​សត្វលោក​ ​ក៏​វិល​ទៅតាម​នូវ​លោកធម៌​ទាំង​ ​៨​ ​យ៉ាង​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភ​ក្ដី​ ​អលាភ​ក្ដី​ ​យស​ក្ដី​ ​អយស​ក្ដី​ ​និន្ទា​ក្ដី​ ​បសំសា​ក្ដី​ ​សុខ​ក្ដី​ ​ទុក្ខ​ក្ដី​ ​តែង​កើតឡើង​ដល់​បុថុជ្ជន​អ្នក​មិន​ចេះដឹង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភ​ក្ដី​ ​អលាភ​ក្ដី​ ​យស​ក្ដី​ ​អយស​ក្ដី​ ​និន្ទា​ក្ដី​ ​បសំសា​ក្ដី​ ​សុខ​ក្ដី​ ​ទុក្ខ​ក្ដី​ ​តែង​កើតឡើង​ដល់​អរិយ​សាវក​ ​អ្នកចេះដឹង​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ក្នុង​លោកធម៌​ទាំងនោះ​ ​មាន​សេចក្ដី​ប្លែក​គ្នា​ដូចម្ដេច​ ​មាន​អធិប្បាយ​ដូចម្ដេច​ ​មានហេតុ​ផ្សេងគ្នា​ដូចម្ដេច​ ​របស់​អរិយ​សាវក​ ​អ្នកចេះដឹង​ ​និង​បុថុជ្ជន​អ្នក​មិន​ចេះដឹង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងឡាយ​ ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​មូល​ ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អ្នកណែនាំ​ ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជាទី​ពឹង​របស់​យើង​ទាំងឡាយ​ស្រាប់ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្ដី​នៃ​ភាសិត​នោះ​ ​ជាក់ច្បាស់​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ល្អ​ស្រាប់ហើយ​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ស្ដាប់​ ​(​ធម៌​)​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​នឹង​ចងចាំ​ទុក​បាន​។​ ​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636854614929654892
ទៅកាន់ទំព័រ៖