ព្រះត្រៃបិដក ភាគ ៤៨
ម្នាលអនុរុទ្ធ កាលណាអ្នកនឹងត្រិះរិះនូវមហាបុរិសវិតក្កៈទាំង ៨ នេះផង ជាអ្នកបានតាមប្រាថ្នា បានមិនលំបាក បានដោយងាយ នូវឈានទាំង ៤ នេះ ដែលប្រព្រឹត្តទៅក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្នផង ម្នាលអនុរុទ្ធ ដូចជាបល្លង្ក (គ្រែដែលមានជើងខ្ពស់ វិចិត្រដោយរូបសត្វសាហាវ) របស់គហបតី ឬគហបតិបុត្ត ដែលក្រាលដោយព្រំ មានរោមវែងជាង ៤ ធ្នាប់ ដែលក្រាលដោយកម្រាលមានពណ៌ស ដែលធ្វើដោយរោមសត្វ ដែលក្រាលដោយកម្រាលធ្វើដោយរោមសត្វ ជាផ្កាចង្កោម មានកម្រាលដ៏ឧត្តម ដែលគេធ្វើដោយស្បែកសត្វឈ្មុស មានខ្នើយមានពណ៌ក្រហមទាំងពីរខាង គឺខ្នើយក្បាល និងខ្នើយជើង ព្រមទាំងពិដានមានពណ៌ក្រហមពីខាងលើ យ៉ាងណាមិញ ទីដេក និងទីអង្គុយ ដែលធ្វើដោយកម្រាលស្មៅ ក៏នឹងប្រាកដដល់អ្នកដែលសន្តោស ដើម្បីសេចក្តីត្រេកអរ ដើម្បីមិនតក់ស្លុត ដើម្បីនៅសប្បាយ ដើម្បីចុះកាន់ព្រះនិព្វាន ក្នុងកាលនោះ ក៏យ៉ាងនោះដែរ។ ម្នាលអនុរុទ្ធ កាលណាអ្នកនឹងត្រិះរិះនូវមហាបុរិសវិតក្កៈទាំង ៨ នេះផង ជាអ្នកបានតាមប្រាថ្នា បានមិនលំបាក បានដោយងាយ នូវឈានទាំង ៤ នេះ ប្រព្រឹត្តទៅក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នផង
ID: 636854684298122541
ទៅកាន់ទំព័រ៖