ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានស្មារតី ប្រកបដោយស្មារតី និងភាពជាអ្នកមានប្រាជ្ញាចាស់ក្លាដ៏ខ្ពង់ខ្ពស់ នឹកឃើញ រឭកបានរឿយ ៗ នូវអំពើដែលធ្វើរួចយូរហើយផង នូវសំដីដែលនិយាយរួចយូរហើយផង ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមានស្មារតីខ្ជាប់ខ្ជួន នេះមិនមែនជាធម៌របស់អ្នកភ្លេចស្មារតី ដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។
ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមានចិត្តតាំងមាំ នេះមិនមែនជាធម៌របស់អ្នកមានចិត្តមិនតាំងមាំ ដូច្នេះនេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ តើព្រោះអាស្រ័យហេតុដូចម្តេច។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ដល់នូវចតុត្ថជ្ឈាន ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមានចិត្តតាំងមាំ នេះមិនមែនជាធម៌របស់អ្នកមានចិត្តមិនតាំងមាំដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។
ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ របស់អ្នកមានប្រាជ្ញា នេះមិនមែនជាធម៌របស់អ្នកឥតប្រាជ្ញា ដូច្នេះនេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ តើព្រោះអាស្រ័យហេតុដូចម្តេច។
ID: 636854685654900144
ទៅកាន់ទំព័រ៖