ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ជាដំណើរទៅកាន់សេចក្តីចំរើន និងសេចក្តីវិនាស ជាប្រាជ្ញាដ៏ប្រសើរ ជាគ្រឿងត្រាស់ដឹង ជាដំណើរទៅកាន់ការអស់ទៅនៃទុក្ខដោយប្រពៃ ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមានប្រាជ្ញា នេះមិនមែនជាធម៌ របស់អ្នកឥតប្រាជ្ញាដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។
ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមាននិប្បបញ្ចធម៌ជាទីត្រេកអរ អ្នកត្រេកអរក្នុងនិប្បបញ្ចធម៌ នេះមិនមែនជាធម៌របស់អ្នកមានបបញ្ចធម៌ជាទីត្រេកអរ អ្នកត្រេកអរ ក្នុងបបញ្ចធម៌ ដូច្នេះនេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ តើព្រោះអាស្រ័យហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចិត្តរបស់ភិក្ខុក្នុងសាសនានេះ រមែងស្ទុះទៅ រមែងជ្រះថ្លា រមែងតាំងនៅ រមែងបង្អោនទៅ ក្នុងកិរិយារលត់នៃបបញ្ចធម៌ គឺព្រះនិព្វាន ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមាននិប្បបញ្ចធម៌ ជាទីត្រេកអរ អ្នកត្រេកអរក្នុងនិប្បបញ្ចធម៌ នេះមិនមែនជាធម៌របស់អ្នកមានបបញ្ចធម៌ជាទីត្រេកអរ អ្នកត្រេកអរ ក្នុងបបញ្ចធម៌ ដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។
ID: 636854685928335784
ទៅកាន់ទំព័រ៖