ព្រះត្រៃបិដក ភាគ ៤៨
ឲ្យទានព្រោះគិតថា ជីដូនជីតាទាំងឡាយ (របស់អញ) ធ្លាប់ឲ្យ ធ្លាប់ធ្វើមក អញមិនគួរញុំាងវង្សត្រកូលពីបូរាណនុ៎ះឲ្យវិនាស ១ ឲ្យទានព្រោះគិតថា អញបានឲ្យទាននេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ១ ឲ្យទានព្រោះគិតថា កាលអញឲ្យទាននេះ ចិត្តរមែងជ្រះថ្លា ទាំងសេចក្តីពេញចិត្ត និងសោមនស្ស ក៏រមែងកើតឡើង ១ ឲ្យទាន ដើម្បីជាគ្រឿងប្រដាប់នៃចិត្ត និងជាបរិក្ខារនៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ ទានវត្ថុមាន ៨យ៉ាងនេះឯង។
[៣៤] ម្នាលភិក្ខុទាំងឡាយ ពូជដែលបុគ្គលសាបព្រោះក្នុងស្រែប្រកបដោយអង្គ ៨ ជាពូជមិនមានផលច្រើន មិនមានសេចក្តីត្រេកអរច្រើន មិនចំរើន។ ស្រែប្រកបដោយអង្គ ៨ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ស្រែក្នុងលោកនេះ ជាស្រែមានទីទួលខ្លះ ទីទំនាបខ្លះ ១ មានថ្ម និងក្រួស ១ មានទឹកប្រៃ ១ គន្លងនង្គ័លមិនជ្រៅ ១ មិនបរិបូណ៌ដោយផ្លូវទឹកសម្រាប់បញ្ចូល ១ មិនបរិបូណ៌ដោយផ្លូវទឹកសម្រាប់បញ្ចេញ ១ មិនបរិបូណ៌ដោយប្រឡាយទឹក ១ មិនបរិបូណ៌ដោយភ្លឺ ១។ ម្នាលភិក្ខុទាំងឡាយ ពូជដែលបុគ្គលសាបព្រោះក្នុងស្រែប្រកបដោយអង្គ ៨ យ៉ាងនេះ ជាពូជមិនមានផលច្រើន មិនមានសេចក្តីត្រេកអរច្រើន មិនចំរើនទេ។
ID: 636854687240290823
ទៅកាន់ទំព័រ៖