ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ ទានដែលបុគ្គលឲ្យ ចំពោះពួកសមណព្រាហ្មណ៍ ដែលប្រកបដោយអង្គ ៨ ជាទានមិនមានផលច្រើន មិនមានអានិសង្សច្រើន មិនមានសេចក្តីរុងរឿងច្រើន មិនផ្សាយទៅច្រើន ក៏យ៉ាងនោះដែរ។ សមណព្រាហ្មណ៍ ដែលប្រកបដោយអង្គ ៨ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ក្នុងលោកនេះ ជាអ្នកយល់ឃើញខុស ១ ត្រិះរិះខុស ១ និយាយខុស ១ ធ្វើការងារខុស ១ ចិញ្ចឹមជីវិតខុស ១ ព្យាយាមខុស ១ នឹករលឹកខុស ១ តាំងចិត្តខុស ១។ ម្នាលភិក្ខុទាំងឡាយ ទានដែលបុគ្គលឲ្យ ចំពោះសមណព្រាហ្មណ៍ ដែលប្រកបដោយអង្គ ៨ យ៉ាងនេះ ជាទានមិនមានផលច្រើន មិនមានអានិសង្សច្រើន មិនមានសេចក្តីរុងរឿងច្រើន មិនផ្សាយទៅច្រើន។
ម្នាលភិក្ខុទាំងឡាយ ចំណែកខាងពូជដែលបុគ្គលសាបព្រោះ ក្នុងស្រែប្រកបដោយអង្គ ៨ ទើបជាពូជមានផលច្រើន មានសេចក្តីត្រេកអរច្រើន មានសេចក្តីចំរើន។ ស្រែប្រកបដោយអង្គ ៨ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ស្រែក្នុងលោកនេះ មិនមានទីទួលខ្លះ ឬទីទំនាបខ្លះ ១ មិនមានថ្ម និងក្រួស ១ មិនមានទឹកប្រៃ ១ មានគន្លងនង្គ័លជ្រៅ ១ បរិបូណ៌ដោយផ្លូវទឹកសម្រាប់បញ្ចូល ១ បរិបូណ៌ដោយផ្លូវទឹកសម្រាប់បញ្ចេញ ១ បរិបូណ៌ដោយប្រឡាយទឹក ១ បរិបូណ៌ដោយភ្លឺ ១។
ID: 636854687465303693
ទៅកាន់ទំព័រ៖