ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ឲ្យទាន គឺបាយ ទឹក សំពត់ យានជំនិះ កំរងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីអាស្រ័យនៅ គ្រឿងប្រដាប់ ប្រទីប ជាទាន ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះ ឲ្យនូវវត្ថុណា ក៏ប្រាថ្នានូវវត្ថុនោះ បុគ្គលនោះឃើញពួកខត្តិយមហាសាលក្តី ព្រាហ្មណមហាសាលក្តី គហបតិមហាសាលក្តី ដែលកំពុងឆ្អែតស្កប់ស្កល់ មូលមិត្រ បំរើដោយកាមគុណទាំង ៥។ បុគ្គលនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ អញលុះបែកធ្លាយរាងកាយ ស្លាប់ទៅ សូមឲ្យទៅកើតជាមួយនឹងខត្តិយមហាសាលក្តី ព្រាហ្មណមហាសាលក្តី គហបតិមហាសាលក្តី បុគ្គលនោះ ក៏ដម្កល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះ ចិត្តរបស់បុគ្គលនោះ ក៏ស៊ប់ក្នុងកាមគុណដ៏ថោកទាប មិនបានចំរើនគុណធម៌ដ៏លើសលុបឡើងទៅទៀត លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតជាមួយនឹងពួកខត្តិយមហាសាលខ្លះ ព្រាហ្មណមហាសាលខ្លះ គហបតិមហាសាលខ្លះ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការសម្រេចនោះឯង ចំពោះបុគ្គលមានសីល មិនចំពោះបុគ្គលទ្រុស្តសីលឡើយ សេចក្តីប្រាថ្នាដោយចិត្តរបស់បុគ្គលមានសីល រមែងសម្រេចព្រោះចិត្តដ៏បរិសុទ្ធ ១។
ID: 636854688176664381
ទៅកាន់ទំព័រ៖