ព្រះត្រៃបិដក ភាគ ៤៨
បសំសាក្ដី រមែងគ្របសង្កត់ចិត្ត សុខក្ដី រមែងគ្របសង្កត់ចិត្ត ទុក្ខក្ដី រមែងគ្របសង្កត់ចិត្ត។ បុថុជ្ជននោះ តែងត្រេកអរ នឹងលាភដែលកើតឡើង តូចចិត្តព្រោះអលាភ ត្រេកអរនឹងយសដែលកើតឡើង តូចចិត្តព្រោះអយស ត្រេកអរនឹងបសំសាដែលកើតឡើង តូចចិត្តព្រោះនិន្ទា ត្រេកអរនឹងសុខដែលកើតឡើង តូចចិត្តព្រោះទុក្ខ។ បុថុជ្ជននោះ ប្រកបនូវសេចក្ដីត្រេកអរ និងសេចក្ដីតូចចិត្តយ៉ាងនេះហើយ រមែងមិនរួចចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគតពោលថា មិនរួចចាកវដ្ដទុក្ខឡើយ។ ម្នាលភិក្ខុទាំងឡាយ លាភកើតឡើងដល់អរិយសាវកអ្នកចេះដឹង អរិយសាវកនោះ ពិចារណា ដឹងច្បាស់តាមពិតដូច្នេះថា លាភនេះកើតឡើងដល់អាត្មាអញហើយ លាភនោះឯង មិនទៀង ជាទុក្ខ មានសេចក្ដីប្រែប្រួលជាធម្មតា អលាភកើតឡើង យសកើតឡើង អយសកើតឡើង និន្ទាកើតឡើង បសំសាកើតឡើង សុខកើតឡើង ទុក្ខកើតឡើង អរិយសាវកនោះ ពិចារណាដឹងច្បាស់តាមពិតដូច្នេះថា ទុក្ខកើតឡើងដល់អាត្មាអញហើយ ទុក្ខនោះឯង ក៏មិនទៀង អត់ធន់បានដោយក្រ មានសេចក្ដីប្រែប្រួលជាធម្មតា។
ID: 636854615310916698
ទៅកាន់ទំព័រ៖