ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សនៃបុណ្យ អានិសង្សនៃកុសល ជាអាហារនៃសេចក្តីសុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អលើស ជាផលនៃសេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ទី៤ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រេកអរ ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីពេញចិត្ត ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន។បេ។ លះបង់កាមេសុមិច្ឆាចារ វៀរចាកកាមេសុមិច្ឆាចារ។បេ។ លះបង់មុសាវាទ វៀរចាកមុសាវាទ។បេ។ លះបង់សុរាមេរយមជ្ជប្បមាទដ្ឋាន វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ម្នាលភិក្ខុទាំងឡាយ អរិយសាវក វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ឈ្មោះថាឲ្យនូវអភ័យ ឲ្យនូវអំពើមិនមានពៀរ ឲ្យនូវអំពើមិនមានទុក្ខ ដល់សត្វទាំងឡាយ មានប្រមាណមិនបាន លុះឲ្យនូវអភ័យ ឲ្យនូវអំពើមិនមានពៀរ ឲ្យនូវអំពើមិនមានទុក្ខ ដល់សត្វទាំងឡាយ មានប្រមាណមិនបានហើយ រមែងជាអ្នកមានចំណែក នៃសេចក្តីមិនមានភ័យ មិនមានពៀរ មិនមានទុក្ខ មានប្រមាណមិនបានវិញ ម្នាលភិក្ខុទាំងឡាយ នេះជាទាន ទី៥ ចាត់ជាមហាទាន ដែលអ្នកប្រាជ្ញដឹងថា ជារបស់ប្រសើរ ដឹងថាជារបស់ប្រព្រឹត្តទៅអស់រាត្រីយូរ ដឹងថាជាវង្សនៃ (កល្យាណជន)
ID: 636854694108133641
ទៅកាន់ទំព័រ៖