ព្រះត្រៃបិដក ភាគ ៤៨
ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នកមានសីល គួរចាំរក្សានូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ពួកជនដែលមិនមានគេនិន្ទា បំពេញនូវបុណ្យ ដែលមានសេចក្តីសុខជាកម្រៃ រមែងចូលទៅកាន់ឋានសួគ៌បាន។
[៤៤] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងកូដាគារសាលា នាព្រៃមហាវន ជិតក្រុងវេសាលី។ គ្រានោះ វាសេដ្ឋឧបាសក (ឧបាសកឈ្មោះវាសេដ្ឋ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយក៏អង្គុយក្នុងទីសមគួរ។ លុះវាសេដ្ឋឧបាសក អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលវាសេដ្ឋ ឧបោសថប្រកបដោយអង្គ ៨ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន។បេ។ ពួកជនដែលគេមិននិន្ទា តែងទៅកាន់ឋានសួគ៌។ កាលដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វាសេដ្ឋឧបាសក បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកញាតិសាលោហិត ជាទីស្រឡាញ់ របស់ខ្ញុំព្រះអង្គ គប្បីរក្សាឧបោសថប្រកបដោយអង្គ ៨ ការរក្សាឧបោសថនោះ គប្បីប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកញាតិសាលោហិត ជាទីស្រឡាញ់ របស់ខ្ញុំព្រះអង្គ អស់កាលយូរ។
ID: 636854698743428765
ទៅកាន់ទំព័រ៖