ព្រះត្រៃបិដក ភាគ ៤៨
បានលះបង់ទីដេក ទីអង្គុយដ៏ខ្ពស់ហួសប្រមាណ និងទីដេក ទីអង្គុយដ៏ប្រសើរ វៀរចាកទីដេក ទីអង្គុយខ្ពស់ហួសប្រមាណ និងទីដេក ទីអង្គុយដ៏ប្រសើរ សម្រេចការដេកលើអាសនៈទាប គឺលើគ្រែ ឬលើកម្រាលស្មៅ អស់យប់នេះ និងថ្ងៃនេះដែរ ធ្វើតាមព្រះអរហន្ដទាំងឡាយនេះផង ឧបោសថ អាត្មាអញនឹងចាំរក្សាហើយផង ដោយអង្គនេះឯង។ អរិយសាវកប្រកបដោយអង្គ ទី៨ នេះ។ ម្នាលនាងពោជ្ឈា ឧបោសថប្រកបដោយអង្គ ៨ ដែលបុគ្គលចាំរក្សាយ៉ាងនេះហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានការរុងរឿងច្រើន មានគុណផ្សាយទៅច្រើន។ ឧបោសថមានផលច្រើនប៉ុនណា មានអានិសង្សច្រើនប៉ុនណា មានការរុងរឿងច្រើនប៉ុនណា មានគុណផ្សាយទៅច្រើនប៉ុនណា។ ម្នាលនាងពោជ្ឈា ប្រៀបដូចជាបុគ្គលណាសោយរាជ្យ ជាឥស្សរាធិបតីលើមហាជនបទទាំង ១៦ នេះ ដែលសម្បូណ៌ដោយរតនៈ (ទ្រព្យជាគ្រឿងរីករាយ) ទាំង៧ ប្រការ គឺមហាជនបទឈ្មោះអង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី១ វង្សៈ ១ កុរុ ១ បញ្ចាលៈ ១មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្ដី ១ គន្ធារៈ ១ កម្ពោជៈ ១ ឯភោគសម្បទទាំងនុ៎ះ មិនដល់នូវចំណិតនៃចំណែក ១៦ ៗ លើកនៃឧបោសថ ដែលប្រកបដោយអង្គ ៨ ឡើយ។
ID: 636854699514872889
ទៅកាន់ទំព័រ៖