ព្រះត្រៃបិដក ភាគ ៤៨
ត្រូវជា១យប់ ១ថ្ងៃរបស់ពួកទេវតាជាន់បរនិមិ្មតវសវត្តី រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១៦០០០ឆ្នាំទិព្វ ត្រូវជាប្រមាណនៃអាយុរបស់ពួកទេវតាជាន់បរនិមិ្មតវសវត្តី។ ម្នាលនាងពោជ្ឈា ហេតុនេះ រមែងមានពិតប្រាកដ ត្រង់ដែលស្រ្ដី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សាឧបោសថប្រកបដោយអង្គ ៨ហើយ លុះទំលាយរាងកាយស្លាប់ទៅ គប្បីទៅកើតជាមួយនឹងពួកទេវតាជាន់បរនិមិ្មតវសវត្តី។ ម្នាលនាងពោជ្ឈា ពាក្យដែលតថាគតសំដែងហើយថា រាជសម្បតិ្ត របស់មនុស្ស ជារបស់ស្ដួចស្ដើង ប្រៀបផ្ទឹមដោយសុខជាទិព្យនេះ ព្រោះសំដៅនូវហេតុនុ៎ះ។
បុគ្គលកុំគប្បីសម្លាប់សត្វ ១ កុំគប្បីកាន់យកទ្រព្យដែលគេមិនបានឲ្យ ១ កុំគប្បីពោលពាក្យកុហក ១ កុំគប្បីផឹកទឹកស្រវឹង ១ គប្បីវៀរចាកអព្រហ្មចរិយៈ គឺមេថុន ១ កុំគប្បីបរិភោគភោជនក្នុងវេលារាត្រី និងវេលាវិកាល ១ កុំគប្បីទ្រទ្រង់ផ្កាកម្រង កុំគប្បីលាបគ្រឿងក្រអូប ១ គប្បីដេកលើគ្រែ លើផែនដី ឬលើកម្រាល ១
ID: 636854699912775648
ទៅកាន់ទំព័រ៖