ព្រះត្រៃបិដក ភាគ ៤៨
[៤៦] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅឃោសិតារាម ទៀបក្រុងកោសម្ពី។ សម័យនោះឯង ព្រះអនុរុទ្ធដ៏មានអាយុ ចូលទៅកាន់ទីនៅ ក្នុងវេលាថ្ងៃ សម្ងំនៅ។ គ្រានោះ ពួកទេវតាឈ្មោះមនាបកាយិកា ជាច្រើនអង្គ នាំគ្នាចូលទៅរកព្រះអនុរុទ្ធ លុះចូលទៅដល់ ថ្វាយបង្គំព្រះអនុរុទ្ធ ហើយឋិតនៅក្នុងទីសមគួរ។ លុះទេវតាទាំងនោះ ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលទៅនឹងព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា បពិត្រព្រះអនុរុទ្ធដ៏ចំរើន យើងខ្ញុំជាពួកទេវតា ឈ្មោះមនាបកាយិកា ធ្វើឥស្សរិយភាព ញុំាងអំណាចឲ្យប្រព្រឹត្តទៅ ក្នុងហេតុទាំង ៣ បពិត្រព្រះអនុរុទ្ធដ៏ចំរើន យើងខ្ញុំប្រាថ្នានូវវណ្ណៈបែបណា ក៏បាននូវវណ្ណៈបែបនោះមួយរំពេច ១ ប្រាថ្នានូវសំឡេងបែបណា ក៏បាននូវសំឡេង បែបនោះមួយរំពេច ១ ប្រាថ្នានូវសុខបែបណា ក៏បាននូវសុខបែបនោះមួយរំពេច ១ បពិត្រព្រះអនុរុទ្ធដ៏ចំរើន យើងខ្ញុំជាពួកទេវតា ឈ្មោះមនាបកាយិកា ធ្វើនូវឥស្សរិយភាព ញុំាងអំណាចឲ្យប្រព្រឹត្តទៅ ក្នុងហេតុទាំង ៣នេះ។
ID: 636854700351500742
ទៅកាន់ទំព័រ៖