ព្រះត្រៃបិដក ភាគ ៤៨
បពិត្រព្រះអង្គដ៏ចំរើន លុះទេវតាទាំងនោះ បានដឹងចិត្តខ្ញុំព្រះអង្គហើយ ក៏ទៅជាសទាំងអស់ គឺមានសម្បុរ ក៏ស មានសំពត់ ក៏ស មានគ្រឿងអលង្ការ ក៏ស។ បពិត្រព្រះអង្គដ៏ចំរើន វេលានោះ ទេវតាទាំងនោះ ១ អង្គច្រៀង ១ អង្គរាំ ១ អង្គទះដៃ។ ប្រៀបដូចតូរ្យតន្ត្រី ប្រកបដោយអង្គ៥ ដែលគេរៀបចំល្អហើយ បុគ្គលឈ្លាសវៃ បានប្រគំដោយប្រពៃ បានដេញដំដោយប្រពៃ មានសំឡេងពីរោះផង គួរត្រេកអរផង គួរប្រាថ្នាផង គួរស្រឡាញ់ផង គួររីករាយផង យ៉ាងណាមិញ សំឡេងគ្រឿងអលង្ការ របស់ពួកទេវតាទាំងនោះ ក៏ពីរោះផង គួរត្រេកអរផង គួរប្រាថ្នាផង គួរស្រឡាញ់ផង គួររីករាយផង ក៏យ៉ាងនោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ឯខ្ញុំព្រះអង្គ ក៏ដាក់ចុះនូវឥន្រ្ទិយទាំងឡាយ គឺធ្វើព្រងើយ។ បពិត្រព្រះអង្គដ៏ចំរើន វេលានោះ ទេវតាទាំងនោះ គិតគ្នាថា ព្រះអនុរុទ្ធជាម្ចាស់ មិនត្រេកអរហើយ ក៏បាត់ក្នុងទីនោះទៅ បពិត្រព្រះអង្គដ៏ចំរើន ចុះមាតុគ្រាម ប្រកបដោយធម៌ប៉ុន្មានយ៉ាង លុះបែកធ្លាយរាងកាយ ស្លាប់ទៅ បានទៅកើតជាមួយនឹងពួកទេវតាឈ្មោះ មនាបកាយិកា។
ID: 636854701104943836
ទៅកាន់ទំព័រ៖