ព្រះត្រៃបិដក ភាគ ៤៨

​ឈ្មោះថា​ប្រតិបត្តិ​ ​ដើម្បី​ឈ្នះ​នូវ​លោក​នេះ​ ​លោក​នេះ​ ​ក៏​ឈ្មោះថា​ ​មាតុគ្រាម​នោះ​ ​បាន​ប្រារព្ធ​ហើយ​។​ ​ម្នាល​វិសាខា​ ​មាតុគ្រាម​ ​ប្រកបដោយ​ធម៌​ ​៤​ ​ប្រការ​ ​ឈ្មោះថា​ប្រតិបត្តិ​ ​ដើម្បី​ឈ្នះ​នូវ​លោកខាងមុខ​ ​លោកខាងមុខ​ ​ក៏​ឈ្មោះថា​ ​មាតុគ្រាម​នោះ​ ​បាន​ប្រារព្ធ​ហើយ​។​ ​ប្រកបដោយ​ធម៌​ ​៤​ ​ប្រការ​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​វិសាខា​ ​មាតុគ្រាម​ ​ក្នុង​លោក​នេះ​ ​បរិបូណ៌​ដោយ​សទ្ធា​ ​១​ ​បរិបូណ៌​ដោយ​សីល​ ​១​ ​បរិបូណ៌​ដោយ​ចាគៈ​ ​១​ ​បរិបូណ៌​ដោយ​បញ្ញា​ ​១​។​ ​ម្នាល​វិសាខា​ ​ចុះ​មាតុគ្រាម​ ​បរិបូណ៌​ដោយ​សទ្ធា​ ​តើ​ដូចម្ដេច​។​ ​ម្នាល​វិសាខា​ ​មាតុគ្រាម​ ​ក្នុង​លោក​នេះ​ ​ជា​ស្រ្ដី​មាន​សទ្ធា​ ​ជឿ​ការ​ត្រាស់​ដឹង​របស់​ព្រះ​តថាគត​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​ ​ជា​អរហន្ដ​សម្មាសម្ពុទ្ធ​ ​ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​ព្រះ​សុគត​ ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ទ្រង់​ប្រសើរ​បំផុត​ ​ទ្រង់​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​បាន​ ​ជា​សាស្ដា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ទ្រង់​ត្រាស់​ដឹង​នូវ​អរិយសច្ច​ ​៤​ ​ទ្រង់​ខ្ជាក់​ចោល​នូវ​ត្រៃភព​ ​គឺ​លែង​វិលត្រឡប់​មក​កើត​ទៀតហើយ​។​ ​ម្នាល​វិសាខា​ ​មាតុគ្រាម​ ​បរិបូណ៌​ដោយ​សទ្ធា​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​វិសាខា​ ​ចុះ​មាតុគ្រាម​ ​បរិបូណ៌​ដោយ​សីល​ ​តើ​ដូចម្តេច​។​ ​ម្នាល​វិសាខា​ ​មាតុគ្រាម​ ​ក្នុង​លោក​នេះ​ ​ជា​ស្រ្ដី​វៀរចាក​បាណាតិបាត​។​បេ​។​ ​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្ដីប្រមាទ​ ​គឺ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​។​ ​
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636854703242016070
ទៅកាន់ទំព័រ៖