ព្រះត្រៃបិដក ភាគ ៤៨
ម្នាលវិសាខា មាតុគ្រាម បរិបូណ៌ដោយសីល យ៉ាងនេះឯង។ ម្នាលវិសាខា ចុះមាតុគ្រាម បរិបូណ៌ដោយចាគៈ តើដូចម្តេច។ ម្នាលវិសាខា មាតុគ្រាម ក្នុងលោកនេះ មានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ មានទានបរិច្ចាគរួចស្រឡះហើយ មានដៃលាងហើយ ត្រេកអរក្នុងការលះបង់ គួរដល់ពួកស្មូម ត្រេកអរក្នុងការចែករលែកនូវទាន។ ម្នាលវិសាខា មាតុគ្រាម បរិបូណ៌ដោយចាគៈ យ៉ាងនេះឯង។ ម្នាលវិសាខា មាតុគ្រាម បរិបូណ៌ដោយបញ្ញា តើដូចម្ដេច។ ម្នាលវិសាខា ចុះមាតុគ្រាម ក្នុងលោកនេះ ជាស្រ្ដីមានបញ្ញា ប្រកបដោយបញ្ញា ជាដំណើរទៅកាន់សេចក្ដីចំរើន និងសេចក្ដីវិនាស ជាបញ្ញាដ៏ប្រសើរមុះមុត ដល់នូវការអស់ទៅនៃទុក្ខដោយប្រពៃ។ ម្នាលវិសាខា មាតុគ្រាម បរិបូណ៌ដោយបញ្ញា យ៉ាងនេះឯង។ ម្នាលវិសាខា មាតុគ្រាម បរិបូណ៌ដោយធម៌ ៤ ប្រការនេះ ឈ្មោះថា ប្រតិបត្តិ ដើម្បីឈ្នះនូវលោកខាងមុខ លោកខាងមុខ ក៏ឈ្មោះថា មាតុគ្រាមនោះ បានប្រារព្ធហើយ។
មាតុគ្រាមចាត់ចែងការងារដោយប្រពៃ ១ សង្រ្គោះពួកជនជាបរិសទ្យ ១ ប្រព្រឹត្តនូវអំពើជាទីគាប់ចិត្តនៃស្វាមី ១ ថែទាំសម្បតិ្តដែលស្វាមីរកបានមក ១ បរិបូណ៌ដោយសទ្ធា ១ សីល ១ ដឹងនូវពាក្យពោល ១ ប្រាសចាកសេចក្ដីកំណាញ់ ១
ID: 636854703471499195
ទៅកាន់ទំព័រ៖