ព្រះត្រៃបិដក ភាគ ៤៨
ជម្រះផ្លូវជាទីទៅកាន់បរលោក ឲ្យស្អាតជានិច្ច ១ ធម៌ទាំង ៨ នេះ មានដល់នារីណា អ្នកប្រាជ្ញពោលថា នារីនោះមានសីល ឋិតនៅក្នុងធម៌ ពោលនូវពាក្យពិត ជាឧបាសិកា ដែលបរិបូណ៌ដោយអាការ ១៦ [អាការ ១៦ នោះ សំដៅយក បបួលអ្នកដទៃ ៨ ចូលមកទៀតផង។ អដ្ឋកថា។] ប្រកបដោយអង្គទាំង ៨ ប្រការ មានសីលបែបនោះ រមែងទៅកើតក្នុងទេវលោក ឈ្មោះមនាបកាយិកា។
[៥០] ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមប្រកបដោយធម៌ ៤ ប្រការ ឈ្មោះថាប្រតិបត្តិ ដើម្បីឈ្នះនូវលោកនេះ លោកនេះ ក៏ឈ្មោះថាមាតុគ្រាមនោះ បានប្រារព្ធហើយ។ ប្រកបដោយធម៌ ៤ ប្រការ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ ជាស្រ្ដីចេះចាត់ចែងការងារដោយប្រពៃ ១ ចេះសង្រ្គោះពួកជនជាបរិសទ្យ ១ ចេះប្រព្រឹត្តនូវអំពើជាទីគាប់ចិត្តនៃស្វាមី ១ ចេះថែទាំសម្បត្តិដែលស្វាមីរកបានមក ១។ ម្នាលភិក្ខុទាំងឡាយ ចុះមាតុគ្រាម ជាស្រ្ដីចេះចាត់ចែងការងារដោយប្រពៃ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ ការងារទាំងឡាយណា ជាបន្ទុករបស់ស្វាមី។បេ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ជាស្រ្ដីចេះចាត់ចែងការងារដោយប្រពៃ យ៉ាងនេះឯង។
ID: 636854703712262966
ទៅកាន់ទំព័រ៖