ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ គួរជាអ្នកគ្របសង្កត់ ញាំញីនូវលាភ ដែលកើតឡើង យើងទាំងឡាយ គួរជាអ្នកគ្របសង្កត់ ញាំញីនូវអលាភ ដែលកើតឡើងហើយ នូវយសដែលកើតឡើងហើយ នូវអយស ដែលកើតឡើងហើយ នូវសក្ការៈ ដែលកើតឡើងហើយ នូវអសក្ការៈ ដែលកើតឡើងហើយ នូវសេចក្តីប្រាថ្នាលាមក ដែលកើតឡើងហើយ នូវបាបមិត្តដែលកើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះឯង។
[៨] សម័យមួយ ព្រះឧត្តរដ៏មានអាយុ គង់ក្នុងវិហារឈ្មោះវដ្តជាលិកា ទៀបភ្នំឈ្មោះសង្ខេយ្យកៈ ជិតស្រុកមហិសវត្ថុ។ ក្នុងទីនោះ ព្រះឧត្តរដ៏មានអាយុ ហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពិចារណា នូវវិបត្តិនៃខ្លួនសព្វៗកាល ជាការប្រពៃ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវវិបត្តិរបស់បុគ្គលដទៃសព្វៗកាល ជាការប្រពៃ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវសម្បត្តិនៃខ្លួនសព្វៗកាល ជាការប្រពៃ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវសម្បត្តិរបស់អ្នកដទៃសព្វ ៗកាល ជាការប្រពៃ។
ID: 636854616685215304
ទៅកាន់ទំព័រ៖