ព្រះត្រៃបិដក ភាគ ៤៨
ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូល ជាគំរប់ពីរដងផង។បេ។ ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះ ជាគំរប់ ៣ដងផងថា បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស ឲ្យមាតុគ្រាមចេញចាកផ្ទះ បានបព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគតទ្រង់សំដែងហើយផង។ ម្នាលអានន្ទ ណ្ហើយ អ្នកកុំគាប់ចិត្តឲ្យមាតុគ្រាមចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលតថាគតសំដែងឡើយ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ឥឡូវនេះ ព្រះដ៏មានព្រះភាគ មិនទ្រង់អនុញ្ញាតឲ្យមាតុគ្រាមចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគតទ្រង់សំដែងហើយទេ បើដូច្នេះ គួរតែអាត្មាអញ ក្រាបបង្គំទូលសុំព្រះដ៏មានព្រះភាគ ដោយបរិយាយដទៃទៀត ដើម្បីឲ្យមាតុគ្រាមចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគតទ្រង់សំដែងហើយ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន មាតុគ្រាម បើចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគតទ្រង់សំដែងហើយ គួរធ្វើឲ្យជាក់ច្បាស់នូវសោតាបតិ្តផលក្ដី សកទាគាមិផលក្ដី អនាគាមិផលក្ដី អរហត្តផលក្ដី បានដែរឬ។
ID: 636854705317304769
ទៅកាន់ទំព័រ៖