ព្រះត្រៃបិដក ភាគ ៤៨

​(​ឯ​គរុ​ធម៌​ ​៨​ ​ប្រការ​នោះ​គឺ​)​ ​ភិក្ខុនី​សូម្បី​ឧបសម្បទា​ ​បាន​មួយ​រយ​វស្សា​ហើយ​ ​ក៏​ត្រូវតែ​ថ្វាយបង្គំ​ ​ក្រោក​ទ​ទូល​ ​ធ្វើ​អញ្ជលិកម្ម​ ​សាមីចិកម្ម​ ​ចំពោះ​ភិក្ខុ​ ​ដែល​ទើបនឹង​បួស​ហើយ​ក្នុង​ថ្ងៃ​នោះ​ ​នេះ​ជា​ធម៌​ ​ដែល​ភិក្ខុនី​ត្រូវ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កុំ​គប្បី​ប្រព្រឹត្ត​កន្លង​ ​ដរាប​អស់ជីវិត​ ​១​។​បេ​។​ ​ចាប់ដើមតាំងពី​ថ្ងៃ​ ​(​ដែល​បាន​ឧបសម្បទា​)​ ​នេះ​ទៅ​ ​ភិក្ខុនី​ត្រូវតែ​ស្ដាប់បង្គាប់​ភិក្ខុ​ ​ឯ​ភិក្ខុ​មិន​ត្រូវ​ស្ដាប់បង្គាប់​ភិក្ខុនី​វិញ​ឡើយ​ ​នេះ​ជា​ធម៌​ដែល​ភិក្ខុនី​ត្រូវ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កុំ​គប្បី​ប្រព្រឹត្ត​កន្លង​ ​ដរាប​អស់ជីវិត​ ​១​។​ ​បពិត្រ​ព្រះនាង​គោតមី​ ​បើ​ព្រះនាង​ទទួល​ប្រតិបត្តិ​គរុ​ធម៌​ ​៨​ ​ប្រការ​នេះ​បាន​។​ ​ឧបសម្បទា​នោះ​ ​នឹង​សម្រេច​ដល់​ព្រះនាង​បាន​។​ ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​ឆ្លើយតប​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ស្រ្ដី​ ​ឬ​បុរស​នៅ​ក្រមុំ​កំឡោះ​ ​ប្រកបដោយ​ជាតិ​ជា​អ្នក​ស្អិតស្អាង​ខ្លួន​ ​មាន​ក្បាល​លុបលាង​ហើយ​ ​បាន​កម្រងផ្កា​ឧប្បល​ក្ដី​ ​កម្រងផ្កា​ម្លិះ​ក្ដី​ ​កម្រងផ្កា​ដែល​មាន​ក្លិនក្រអូប​ណាស់​ក្ដី​ ​ហើយ​ទទួលយក​ដោយដៃ​ទាំងពីរ​ ​ដំ​កល់​ទុក​លើ​អវយវៈ​ដ៏​ឧត្តម​ ​គឺ​ក្បាល​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ខ្ញុំ​នឹង​ទទួល​ប្រតិបត្តិ​តាម​គរុ​ធម៌​ ​៨​ ​ប្រការ​នេះ​ ​មិន​ប្រព្រឹត្ត​កន្លង​ ​ដរាប​អស់ជីវិត​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636854706088728892
ទៅកាន់ទំព័រ៖