ព្រះត្រៃបិដក ភាគ ៤៨
ម្នាលអានន្ទ មាតុគ្រាមចេញចាកផ្ទះ បានបព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ គឺព្រហ្មចរិយធម៌ណា ព្រហ្មចរិយធម៌នោះ មិនបានតាំងនៅយូរអង្វែងទេ ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ រោគជាតិឈ្មោះសេតដ្ឋិកា (ក្រា-ស) ធ្លាប់ចុះក្នុងស្រែស្រូវណា ដែលកំពុងតែលូតលាស់ល្អ ស្រែស្រូវនោះ មិនបានតាំងនៅយូរអង្វែង ដោយប្រការយ៉ាងនេះ យ៉ាងណាមិញ ម្នាលអានន្ទ មាតុគ្រាម ចេញចាកផ្ទះ បានបព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ គឺព្រហ្មចរិយធម៌ណា ព្រហ្មចរិយធម៌នោះ មិនបានតាំងនៅយូរអង្វែងទេ ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ រោគជាតិឈ្មោះមញ្ជេដ្ឋិកា (ក្រាក្រហម) ធ្លាក់ចុះក្នុងច្បារអំពៅណា ដែលកំពុងលូតលាស់ល្អ ច្បារអំពៅនោះ មិនបានតាំងនៅយូរអង្វែង ដោយប្រការយ៉ាងនេះ យ៉ាងណាមិញ ម្នាលអានន្ទ មាតុគ្រាម ចេញចាកផ្ទះ បានបព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ គឺព្រហ្មចរិយធម៌ណា ព្រហ្មចរិយធម៌នោះ មិនបានតាំងនៅយូរអង្វែងទេ ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ បុរស ប្រញាប់លើកទំនប់ទប់ទឹកស្រះដ៏ធំជាមុន ដើម្បីមិនឲ្យទឹកហូរចេញទៅជាកំណត់ យ៉ាងណាមិញ ម្នាលអានន្ទ គរុធម៌ ៨ ប្រការ ដែលតថាគត បានបញ្ញត្តហើយ ចំពោះភិក្ខុនីជាដម្បូង ដើម្បីមិនឲ្យ (ភិក្ខុនី) ប្រព្រឹត្តកន្លង ដរាបដល់អស់ជីវិត ក៏យ៉ាងនោះដែរ។
ID: 636854706458050016
ទៅកាន់ទំព័រ៖