ព្រះត្រៃបិដក ភាគ ៤៨
សិក្សានូវចាគសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយចាគៈ តាមសមគួរ សិក្សានូវបញ្ញាសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយបញ្ញា តាមសមគួរ ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា កល្យាណមិត្តតា។ ម្នាលព្យគ្ឃបជ្ជៈ ចុះសមជីវិតា តើដូចម្តេច។ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រក្នុងលោកនេះ ដឹងច្បាស់នូវការចំរើននៃភោគៈទាំងឡាយផង ដឹងច្បាស់នូវការវិនាសទៅ នៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាសយ៉ាងនេះ ឯសេចក្ដីវិនាសរបស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចំរើនបានឡើយ។ ម្នាលព្យគ្ឃបជ្ជៈ ប្រៀបដូចជនអ្នកថ្លឹងជញ្ជីងក្ដី កូនសិស្សនៃជនអ្នកថ្លឹងជញ្ជីងក្ដី លើកនូវជញ្ជីងថ្លឹងហើយ ក៏ដឹងថា ទន់ទៅខាងម្ខាងផង បះឡើងខាងម្ខាងផង យ៉ាងណាមិញ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រអ្នកដឹងច្បាស់នូវការចំរើននៃភោគៈទាំងឡាយផង ដឹងច្បាស់នូវការវិនាសទៅ នៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជិវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចំរើន របស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាសយ៉ាងនេះ ឯសេចក្ដីវិនាសរបស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចំរើនបានឡើយ ក៏យ៉ាងនោះដែរ។
ID: 636854709253419902
ទៅកាន់ទំព័រ៖