ព្រះត្រៃបិដក ភាគ ៤៨
ម្នាលព្យគ្ឃបជ្ជៈ ប្រសិនបើកុលបុត្រនេះ មានសេចក្ដីចំរើនតិច ហើយចិញ្ចឹមជីវិតច្រើនលើសលុប អ្នកផងតែងនិយាយដល់កុលបុត្រនោះថា កុលបុត្រនេះ បរិភោគនូវភោគៈទាំងឡាយ ដូចជាគេស៊ីផ្លែល្វា
(១) ។ ម្នាលព្យគ្ឃបជ្ជៈ ប្រសិនបើកុលបុត្រនេះ មានសេចក្ដីចំរើនធំហើយ ចិញ្ចឹមជីវិតដោយក្បិតក្បៀត អ្នកផងទាំងឡាយ រមែងនិយាយដល់កុលបុត្រនោះថា កុលបុត្រនេះ មុខជានឹងស្លាប់ ៗ ដោយឥតទីពឹង។ ម្នាលព្យគ្ឃបជ្ជៈ កាលណាកុលបុត្រនេះ ដឹងច្បាស់នូវសេចក្ដីចំរើន នៃភោគៈទាំងឡាយផង ដឹងច្បាស់នូវសេចក្ដីវិនាសនៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់នូវសេចក្ដីវិនាសយ៉ាងនេះ ឯសេចក្ដីវិនាស របស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចំរើនបានឡើយ ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា សមជីវិតា។ ម្នាលព្យគ្ឃបជ្ជៈ កាលដែលភោគៈទាំងឡាយ ចំរើនឡើងយ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីវិនាស ៤ យ៉ាង គឺ ជាអ្នកលេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មានមិត្រដ៏លាមក មានសំឡាញ់ដ៏លាមក សមគប់នឹងបុគ្គលដ៏លាមក ១។
(១) អ្នកចង់ស៊ីផ្លែល្វា មិនបេះឲ្យល្មមតែបរិភោគឆ្អែត ទៅចាប់ដើមអង្រន់ ឲ្យជ្រុះផ្លែទាំងអស់នោះតែម្តង ហើយរើសយកតែផ្លែណាដែលគួរស៊ីបាន ផ្លែក្រៅពីនោះ នៅសល់ចោលជាច្រើន។ អដ្ឋកថា។
ID: 636854709539716278
ទៅកាន់ទំព័រ៖