ព្រះត្រៃបិដក ភាគ ៤៨
បានទូលពាក្យនេះ នឹងព្រះឥន្ទ្រជាធំជាងពួកទេវតា បពិត្រលោកជាម្ចាស់យើង សូមទ្រង់ជ្រាប ព្រះឧត្តរដ៏មានអាយុនុ៎ះ សំដែងធម៌ដល់ភិក្ខុទាំងឡាយ ក្នុងវដ្តជាលិកាវិហារ ទៀបភ្នំសង្ខេយ្យកៈ ជិតស្រុកមហិសវត្ថុយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវវិបត្តិរបស់ខ្លួនសព្វៗកាល ជាការប្រពៃ។បេ។ ជាអ្នកពិចារណានូវសម្បត្តិរបស់អ្នកដទៃ។
គ្រានោះ សក្កៈជាធំជាងពួកទេវតា ក៏បាត់អំពីទេវលោក ទៅប្រាកដក្នុងទីចំពោះមុខព្រះឧត្តរដ៏មានអាយុ ក្នុងវត្តជាលិកាវិហារ ទៀបភ្នំសង្ខេយ្យកៈ ជិតស្រុកមហិសវត្ថុ ដូចបុរសមានកំឡាំង លាដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញយ៉ាងនោះឯង។ លំដាប់នោះ សក្កៈជាធំជាងពួកទេវតា ចូលទៅរកព្រះឧត្តរដ៏មានអាយុ ត្រង់កន្លែងដែលលោកគង់នៅ លុះចូលទៅហើយ ថ្វាយបង្គំព្រះឧត្តរដ៏មានអាយុ ហើយឋិតនៅក្នុងទីសមគួរ។ លុះសក្កៈជាធំជាងពួកទេវតា ឋិតនៅក្នុងទីសមគួរហើយ បានដំណាលពាក្យនេះ នឹងព្រះឧត្តរដ៏មានអាយុ ដូច្នេះថា បានឮថា ព្រះឧត្តរដ៏មានអាយុ សំដែងធម៌ដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវវិបត្តិនៃខ្លួន ជាការប្រពៃ។បេ។ ជាអ្នកពិចារណានូវសម្បត្តិរបស់អ្នកដទៃពិតមែនឬ។
ID: 636854617112669753
ទៅកាន់ទំព័រ៖