ព្រះត្រៃបិដក ភាគ ៤៨
ព្រះដ៏មានព្រះភាគអង្គនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀតហើយ ម្នាលព្យគ្ឃបជ្ជៈ នេះហៅថាសទ្ធាសម្បាទា។ ម្នាលព្យគ្ឃបជ្ជៈ ចុះសីលសម្បទា តើដូចម្ដេច។ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត។បេ។ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា សីលសម្បទា។ ម្នាលព្យគ្ឃបជ្ជៈ ចុះចាគៈសម្បទា តើដូចម្ដេច។ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រក្នុងលោកនេះ មានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ មានទានបរិច្ចាគរួចស្រឡះហើយ មានដៃលាងហើយ ត្រេកអរក្នុងការលះបង់ គួរដល់ស្មូម ត្រេកអរក្នុងការចែករលែកនូវទាន ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា ចាគសម្បទា។ ម្នាលព្យគ្ឃបជ្ជៈ ចុះបញ្ញាសម្បទា តើដូចម្ដេច។ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រក្នុងលោកនេះ មានប្រាជ្ញា ប្រកបដោយប្រាជ្ញា ជាដំណើរយល់ការសេចក្ដីចំរើន និងសេចក្ដីវិនាស ជាប្រាជ្ញាដ៏ប្រសើរមុះមុត ជាដំណើរយល់ការដែលអស់ទៅ នៃទុក្ខដោយប្រពៃ ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា បញ្ញាសម្បទា។ ម្នាលព្យគ្ឃបជ្ជៈ ធម៌ទាំង៤ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្ដីសុខក្នុងបរលោក ដល់កុលបុត្រ។
ID: 636854710122519612
ទៅកាន់ទំព័រ៖