ព្រះត្រៃបិដក ភាគ ៤៨
កុលបុត្រ អ្នកមានព្យាយាមប្រឹងប្រែង ក្នុងទីនៃការងារទាំងឡាយ ១ មិនប្រហែសធ្វេសមានការចាត់ចែង ១ ចិញ្ចឹមជីវិតស្មើ ១ ចេះថែរក្សាទ្រព្យ ដែលរកបានមក ១ មានសទ្ធា ១ បរិបូណ៌ដោយសីល ១ ដឹងនូវពាក្យពេចន៍ ១ ប្រាសចាកសេចក្ដីកំណាញ់ រមែងជំរះនូវផ្លូវ មានសួស្ដី ជាផ្លូវទៅកាន់បរលោកជានិច្ច ១ ធម៌ទាំង៨ ប្រការនេះ តែងនាំមកនូវសេចក្ដីសុខក្នុងលោកទាំងពីរ ដែលព្រះដ៏មានព្រះភាគ ព្រះអង្គជាសច្ចនាម ទ្រង់សំដែងហើយ ដល់កុលបុត្រអ្នកមានសទ្ធា ស្វែងរកផ្ទះ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្ដីសុខក្នុងបរលោកផង ដោយប្រការដូច្នេះ ការបរិច្ចាគ និងបុណ្យនេះ តែងចំរើនដល់គ្រហស្ថទាំងឡាយ យ៉ាងនេះឯង។
[៥៥] លំដាប់នោះ ឧជ្ជយព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏និយាយរីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឧជ្ជយព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំមានប្រាថ្នា ដើម្បីទៅឃ្លាតចេញអំពីស្រុក
ID: 636854710340212063
ទៅកាន់ទំព័រ៖