ព្រះត្រៃបិដក ភាគ ៤៨
ម្នាលព្រាហ្មណ៍ កាលបើភោគៈទាំងឡាយ ចំរើនឡើង យ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីចំរើន ៤ ប្រការ គឺជាអ្នកមិនលេងស្ត្រី ១។បេ។ សមគប់នឹងបុគ្គលល្អ ១ យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្ន ដើម្បីសេចក្តីសុខក្នុងបច្ចុប្បន្ន ដល់កុលបុត្រ។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្ដីសុខ ក្នុងបរលោក ដល់កុលបុត្រ។ ធម៌ ៤ ប្រការ តើដូចម្ដេច។ គឺសទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលព្រាហ្មណ៍ ចុះសទ្ធាសម្បទា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ជាអ្នកមានសទ្ធា ជឿនូវការត្រាស់ដឹងនៃព្រះតថាគតថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀតហើយ ម្នាលព្រាហ្មណ៍ នេះហៅថា សទ្ធាសម្បាទា។ ម្នាលព្រាហ្មណ៍ ចុះសីលសម្បទា តើដូចម្ដេច។
ID: 636854715448824259
ទៅកាន់ទំព័រ៖