ព្រះត្រៃបិដក ភាគ ៤៨
ថ្វាយព្រះពរ ទេវានមិន្ទ។ បពិត្រលោកដ៏ចំរើន ចុះការសំដែងតាមសេចក្តីយល់របស់ខ្លួនព្រះឧត្តរដ៏មានអាយុឬ ឬក៏សំដែងតាមព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ។ ថ្វាយព្រះពរ ទេវានមិន្ទ បើដូច្នោះ អាត្មាភាព នឹងឧបមាថ្វាយមហាបពិត្រ ពួកវិញ្ញូបុរសក្នុងលោកនេះ គង់ដឹងនូវសេចក្តីអធិប្បាយនៃភាសិតដោយសេចក្តីឧបមា ថ្វាយព្រះពរ ទេវានមិន្ទ ដូចជាគំនរស្រូវដ៏ធំ ក្នុងទីជិតស្រុកក្តី និគមក្តី ពួកមហាជននាំយកស្រូវអំពីគំនរនោះ ដោយអម្រែកទាំងឡាយខ្លះ ដោយល្អីទាំងឡាយខ្លះ ដោយថ្នក់ទាំងឡាយខ្លះ ដោយកំបង់ដៃទាំងឡាយខ្លះ ថ្វាយព្រះពរ ទេវានមិន្ទ ពួកមហាជនណា ដែលមិនបានចូលទៅ (នឹងគេ) គប្បីសួរយ៉ាងនេះថា អ្នកទាំងឡាយ នាំយកស្រូវនេះអំពីទីណា។ ថ្វាយព្រះពរ ទេវានមិន្ទ ពួកមហាជននោះ កាលនឹងឆ្លើយប្រាប់ គប្បីឆ្លើយប្រាប់តាមទំនងដូចម្ដេច។ បពិត្រលោកដ៏ចំរើន ពួកមហាជននោះ កាលឆ្លើយប្រាប់ គប្បីឆ្លើយប្រាប់តាមទំនងថា យើងទាំងឡាយ នាំមកអំពីគំនរស្រូវធំឯណោះ ដូច្នេះ។ ថ្វាយព្រះពរ ទេវានមិន្ទ ពាក្យឯណានីមួយ ជាសុភាសិត សុភាសិតទាំងអស់នោះ ជាព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ
ID: 636854617356233684
ទៅកាន់ទំព័រ៖