ព្រះត្រៃបិដក ភាគ ៤៨
ប្រកបដោយធម៌ ទាំង ៨យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាអ្នកចេះចាំច្រើន ១។បេ។ យល់ត្រឹមត្រូវដោយទិដ្ឋិ ១ ជាអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងបុគ្គលល្អ ១ ជាអ្នកសមា្មទិដ្ឋិ ប្រកបដោយសម្មាទស្សនៈ ១ ជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយទូលាយ នូវឈានទាំង ៤ ដែលអាស្រ័យនូវចិត្តដ៏ប្រសើរ ជាគ្រឿងនៅសប្បាយ ក្នុងបច្ចុប្បន្ន ១ តែងរឭកឃើញ នូវបុព្វេនិវាស គឺការនៅក្នុងភពមុន មានប្រការដ៏ច្រើនគឺ រឭកឃើញ ១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកឃើញនូវបុព្វេនិវាស ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស មានប្រការដ៏ច្រើន ដោយប្រការដូច្នេះ ១ បានដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម។បេ។ ទិព្វចក្ខុដ៏ស្អាត កន្លងបង់នូវចក្ខុរបស់មនុស្សធម្មតា។បេ។ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម ១ បានធ្វើឲ្យជាក់ច្បាស់ បានដល់។បេ។ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ទាំង ៨ យ៉ាងនេះឯង ជាអ្នកគួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្តនៃសត្វលោក រកខេត្តដទៃ ក្រៃលែងជាងគ្មាន។
ID: 636854716546907066
ទៅកាន់ទំព័រ៖