ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នាដើម្បីលាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ជាអ្នកមានលាភផង ស្រវឹងផង ប្រមាទផង ឃ្លាតចាកព្រះសទ្ធម្មផង (២)។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ។ កាលភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ លាភក៏មិនកើតដែរ។ ភិក្ខុនោះ រមែងសោកស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្ដីវង្វេង ព្រោះមិនមានលាភនោះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នាដើម្បីលាភ តែមិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាមដើម្បីលាភ ប៉ុន្តែជាអ្នកមិនមានលាភផង សោកស្ដាយផង ខ្សឹកខ្សួលផង ឃ្លាតចាកព្រះសទ្ធម្មផង (៣)។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាមដើម្បីលាភទេ។ កាលភិក្ខុនោះ មិនសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ ប៉ុន្តែលាភក៏កើតឡើងបាន។
ID: 636854718859859359
ទៅកាន់ទំព័រ៖