ព្រះត្រៃបិដក ភាគ ៤៨
ភិក្ខុនោះ មិនស្រវឹង មិនជ្រុលជ្រប់ មិនដល់នូវសេចក្ដីប្រមាទ ព្រោះលាភនោះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នាដើម្បីលាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ជាអ្នកមានលាភផង មិនស្រវឹងផង មិនប្រមាទផង មិនឃ្លាតចាកព្រះសទ្ធម្មផង (៦)។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ។ កាលភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ លាភក៏មិនកើតឡើងដែរ។ ភិក្ខុនោះ រមែងមិនសោកស្ដាយ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវសេចក្ដីវង្វេង ព្រោះមិនមានលាភនោះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នាដើម្បីលាភ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភ ទាំងជាអ្នកមិនមានលាភផង មិនសោកស្ដាយផង មិនខ្សឹកខ្សួលផង មិនឃ្លាតចាកព្រះសទ្ធម្មផង (៧)។
ID: 636854719212139508
ទៅកាន់ទំព័រ៖