ព្រះត្រៃបិដក ភាគ ៤៨
[៧០] គ្រានោះ ភិក្ខុមួយរូប បានចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងធម៌ដល់ខ្ញុំព្រះអង្គ ដោយសេចក្ដីបំព្រួញឲ្យទាន ដែលខ្ញុំព្រះអង្គបានស្ដាប់ធម៌ របស់ព្រះដ៏មានព្រះភាគហើយ ជាបុគ្គលម្នាក់ឯង ចៀសចេញទៅ ជាអ្នកមិនធ្វេសប្រហែស មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ មោឃបុរសពួកខ្លះ ក្នុងលោកនេះ គ្រាន់តែអារាធនាតថាគត យ៉ាងនេះ កាលធម៌ដែលតថាគតសំដែងហើយ សំគាល់តែត្រង់ដើមតាមតថាគតប៉ុណ្ណោះ។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងធម៌ដល់ខ្ញុំព្រះអង្គ ដោយសេចក្ដីបំព្រួញឲ្យទាន សូមព្រះសុគតទ្រង់សំដែងធម៌ ដោយសេចក្ដីបំព្រួញឲ្យទាន គិតធ្វើដូចម្ដេច សូមឲ្យខ្ញុំព្រះអង្គ បានយល់នូវអត្ថនៃភាសិតរបស់ព្រះដ៏មានព្រះភាគ គិតធ្វើដូចម្តេច សូមឲ្យខ្ញុំព្រះអង្គ បានទទួលនូវភាសិតរបស់ព្រះដ៏មានព្រះភាគ។ ម្នាលភិក្ខុ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សាយ៉ាងនេះថា ចិត្តរបស់អាត្មាអញ នឹងតាំងនៅក្នុងសន្ដាន តាំងនៅដោយល្អ ទាំងពួកអកុសលធម៌ដ៏លាមក ក៏មិនកើតឡើង គ្របសង្កត់ចិត្តបានឡើយ។ ម្នាលភិក្ខុ អ្នកគប្បីសិក្សាយ៉ាងនេះចុះ។
ID: 636854720735076615
ទៅកាន់ទំព័រ៖