ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុ កាលណា ចិត្តរបស់អ្នកតាំងនៅក្នុងសន្ដាន តាំងនៅល្អហើយ ទាំងពួកអកុសលធម៌ដ៏លាមក ក៏មិនកើតឡើង គ្របសង្កត់ចិត្តបាន ម្នាលភិក្ខុ កាលនោះ អ្នកគប្បីសិក្សាយ៉ាងនេះថា ចេតោវិមុត្តិ ប្រកបដោយមេត្តា អាត្មាអញ បានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានដំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំទុក បានប្រារព្ធល្អហើយ។ ម្នាលភិក្ខុ អ្នកគប្បីសិក្សាយ៉ាងនេះចុះ។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នកបានចំរើនហើយ បានធ្វើឲ្យច្រើនហើយយ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគួរចំរើននូវសមាធិនេះ ដែលប្រកបដោយវិតក្កៈ និងវិចារៈផង គួរចំរើននូវសមាធិ ដែលមិនមានវិតក្កៈផង មានតែវិចារៈប៉ុណ្ណោះ គួរចំរើននូវសមាធិ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង គួរចំរើននូវសមាធិ ដែលប្រកបដោយបីតិផង គួរចំរើននូវសមាធិ ដែលមិនមានបីតិផង គួរចំរើននូវសមាធិ ដែលប្រកបដោយសេចក្ដីសប្បាយផង គួរចំរើននូវសមាធិ ដែលប្រកបដោយឧបេក្ខាផង។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នកបានចំរើនហើយ បានចំរើនល្អហើយយ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគប្បីសិក្សាយ៉ាងនេះថា ចេតោវិមុត្តិប្រកបដោយករុណា អាត្មាអញ។បេ។ ចេតោវិមុត្តិប្រកបដោយមុទិតា អាត្មាអញ។បេ។ ចេតោវិមុត្តិ ប្រកបដោយឧបេក្ខា
ID: 636854720991051256
ទៅកាន់ទំព័រ៖