ព្រះត្រៃបិដក ភាគ ៤៨
អ្នកគួរចំរើនសមាធិ ដែលមិនមានបីតិផង អ្នកគួរចំរើនសមាធិ ដែលប្រកបដោយសេចក្ដីសប្បាយផង អ្នកគួរចំរើនសមាធិ ដែលប្រកបដោយឧបេក្ខាផង។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នកបានចំរើនហើយ បានចំរើនល្អហើយ យ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកនឹងទៅក្នុងទីណា ៗ អ្នកនឹងនៅសប្បាយ ក្នុងទីនោះ ៗ អ្នកនឹងឈរនៅក្នុងទីណាៗ អ្នកនឹងឈរនៅសប្បាយ ក្នុងទីនោះៗ អ្នកនឹងអង្គុយ ក្នុងទីណា ៗ អ្នកនឹងអង្គុយសប្បាយក្នុងទីនោះៗ អ្នកនឹងសម្រេចការដេក ក្នុងទីណាៗ អ្នកនឹងសម្រេចការដេកសប្បាយ ក្នុងទីនោះៗ។
គ្រានោះ ភិក្ខុនោះ ដែលព្រះដ៏មានព្រះភាគ ទូន្មានដោយឱវាទនេះហើយ ក៏ក្រោកចាកអាសនៈ ហើយក្រាបថ្វាយបង្គំលាព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ លំដាប់នោះ ភិក្ខុនោះ តែម្នាក់ឯង ចៀសចេញទៅ មិនធ្វេសប្រហែស មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្តចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន លោកក៏ធ្វើឲ្យជាក់ច្បាស់នូវអនុត្តរធម៌ ដែលមានព្រហ្មចរិយៈជាទីបំផុតនោះ ដោយប្រាជ្ញាដ៏ប្រសើររបស់ខ្លួនក្នុងបច្ចុប្បន្ននេះ
ID: 636854721589645494
ទៅកាន់ទំព័រ៖