ព្រះត្រៃបិដក ភាគ ៤៨
ដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃទៀត ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះ មិនមានឡើយ។ មានសេចក្ដីសរសើរថា បណ្ដាព្រះអរហន្ដទាំងឡាយ ភិក្ខុនោះ ក៏ជាព្រះអរហន្ដ មួយអង្គដែរ។
[៧១] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងគយាសីសប្រទេស ទៀបស្រុកគយា។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលភិក្ខុទាំងឡាយ កាលមុនអំពីការត្រាស់ដឹង តថាគតនៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ ស្គាល់នូវពន្លឺដោយច្បាស់លាស់ តែមិនឃើញនូវរូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏មានសេចក្ដីត្រិះរិះយ៉ាងនេះថា ប្រសិនបើតថាគតស្គាល់នូវពន្លឺផង ឃើញច្បាស់នូវរូបទាំងឡាយផង ញាណទស្សនៈរបស់តថាគតនេះ គប្បីបរិសុទ្ធយ៉ាងក្រៃលែង យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ សម័យដទៃទៀត តថាគតនោះ ជាអ្នកមិនប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ស្គាល់ច្បាស់នូវពន្លឺផង ឃើញច្បាស់នូវរូបទាំងឡាយផង តែមិនឋិតនៅជាមួយ មិនចរចាជាមួយ មិនដល់នូវការសាកច្ឆា ជាមួយនឹងទេវតាទាំងឡាយនោះ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា ប្រសិនបើតថាគតស្គាល់ច្បាស់នូវពន្លឺផង
ID: 636854721886412468
ទៅកាន់ទំព័រ៖