ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ តថាគត ក៏មិនទាន់ប្ដេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងលោក ព្រមទាំងទេវលោក មារលោក និងព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទេវតា និងមនុស្សដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលណា អធិទេវញ្ញាណទស្សនៈ របស់តថាគត មានបរិវដ្ដ ៨ ប្រការយ៉ាងនេះ បរិសុទ្ធហើយ ម្នាលភិក្ខុទាំងឡាយ កាលនោះ តថាគតប្ដេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទេវតា និងមនុស្ស។ មិនតែប៉ុណ្ណោះសោត ញាណទស្សនៈ ក៏កើតឡើងដល់តថាគតថា ចេតោវិមុត្តិ របស់តថាគតមិនកម្រើក ជាតិនេះ ជាជាតិទីបំផុតក្នុងកាលឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។
[៧២] ម្នាលភិក្ខុទាំងឡាយ អភិភាយតនៈ (ហេតុជាគ្រឿងគ្របសង្កត់នូវធម៌ ជាសត្រូវផង នូវអារម្មណ៍ផង) នេះមាន ៨ យ៉ាង។ ៨យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលពួកមួយ មានសេចក្ដីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបមានប្រមាណតិច មានសម្បុរល្អ ឬសម្បុរអាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្ដីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ នេះជាអភិភាយតនៈ ទី១។ បុគ្គលពួកមួយ មានសេចក្ដីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបមានប្រមាណច្រើន មានសម្បុរល្អ ឬសម្បុរអាក្រក់
ID: 636854722808765224
ទៅកាន់ទំព័រ៖