ព្រះត្រៃបិដក ភាគ ៤៨
បុគ្គលពួកមួយ មិនមានសេចក្ដីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបលឿង មានសម្បុរលឿង ជាទីចង្អុលប្រាប់ថា នេះមានសម្បុរលឿង មានពន្លឺលឿង គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្ដីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតៈ ទី៦។ បុគ្គលពួកមួយ មិនមានសេចក្ដីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបក្រហម មានសម្បុរក្រហម ជាទីចង្អុលប្រាប់ថា នេះមានសម្បុរក្រហម មានពន្លឺក្រហម គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្ដីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជាអភិភាយតៈ ទី៧។ បុគ្គលពួកមួយ មិនមានសេចក្ដីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបស មានសម្បុរស ជាទីចង្អុលប្រាប់ថា នេះមានសម្បុរស មានពន្លឺស គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្ដីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជាអភិភាយតៈ ទី៨។ ម្នាលភិក្ខុទាំងឡាយ អភិភាយតនៈ មាន ៨ យ៉ាងនេះឯង។
ID: 636854723274801879
ទៅកាន់ទំព័រ៖