ព្រះត្រៃបិដក ភាគ ៤៨
[៧៣] ម្នាលភិក្ខុទាំងឡាយ វិមោក្ខនេះ មាន ៨យ៉ាង។ ៨យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលមានរូបជ្ឈាន រមែងឃើញនូវរូប គឺកសិណទាំងឡាយ (មាននីលកសិណ ជាដើម) នេះជាវិមោក្ខ ទី១។ បុគ្គលពួកមួយ មិនមានសេចក្ដីសំគាល់នូវរូបខាងក្នុង (មានសក់ជាដើម) រមែងឃើញនូវរូបខាងក្រៅទាំងឡាយ គឺកសិណ (មាននីលកសិណជាដើម) នេះជាវិមោក្ខ ទី២។ បុគ្គលមានចិត្តចុះស៊ប់ថា វណ្ណកសិណដ៏បរិសុទ្ធ នេះជាវិមោក្ខ ទី៣។ ព្រោះកន្លងនូវរូបសញ្ញា ដោយប្រការទាំងពួង ដល់នូវសេចក្ដីវិនាសនៃបដិឃសញ្ញា មិនបានធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា បានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ នេះជាវិមោក្ខ ទី៤។ ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ នេះជាវិមោក្ខ ទី៥។ ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង បានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចក៏មិនមានដូច្នេះ នេះជាវិមោក្ខ ទី៦។ ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង បានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន នេះជាវិមោក្ខ ទី៧។
ID: 636854723503274947
ទៅកាន់ទំព័រ៖