ព្រះត្រៃបិដក ភាគ ៤៨
ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង បានដល់នូវសញ្ញាវេទយិតនិរោធ (សេចក្ដីរលត់នៃសញ្ញា និងវេទនា) នេះជាវិមោក្ខ ទី៨។ ម្នាលភិក្ខុទាំងឡាយ វិមោក្ខ មាន៨ យ៉ាងនេះឯង។
[៧៤] ម្នាលភិក្ខុទាំងឡាយ អនរិយវោហារ (វោហារមិនប្រសើរ) នេះ មាន៨យ៉ាង។ ៨យ៉ាង តើអ្វីខ្លះ។ គឺមិនឃើញ និយាយថាឃើញ ១ មិនឮ និយាយថា ឮ ១ មិនបានហិតភ្លក់ និយាយថា បានហិតភ្លក់ ១ មិនដឹង និយាយថា ដឹង ១ ឃើញ និយាយថា មិនឃើញ ១ ឮ និយាយថា មិនឮ ១ បានហិតភ្លក់ និយាយថា មិនបានហិតភ្លក់ ១ ដឹង និយាយថា មិនដឹង ១។ ម្នាលភិក្ខុទាំងឡាយ អនរិយវោហារ មាន៨ យ៉ាងនេះឯង។
[៧៥] ម្នាលភិក្ខុទាំងឡាយ អរិយវោហារ (វោហារដ៏ប្រសើរ) នេះ មាន៨យ៉ាង។ ៨យ៉ាង តើអ្វីខ្លះ។ គឺមិនឃើញ និយាយថា មិនឃើញ ១ មិនឮ និយាយថា មិនឮ ១ មិនបានហិតភ្លក់ និយាយថា មិនបានហិតភ្លក់ ១ មិនដឹង និយាយថា មិនដឹង ១ ឃើញ និយាយថា ឃើញ ១ ឮ និយាយថា ឮ ១ បានហិតភ្លក់ និយាយថា បានហិតភ្លក់ ១ ដឹង និយាយថា ដឹង ១។ ម្នាលភិក្ខុទាំងឡាយ អរិយវោហារ មាន៨ យ៉ាងនេះឯង។
ID: 636854723728857850
ទៅកាន់ទំព័រ៖