ព្រះត្រៃបិដក ភាគ ៤៨
[៧៦] ម្នាលភិក្ខុទាំងឡាយ បរិសទ្យ មាន ៨ ពួក។ ៨ ពួក តើអ្វីខ្លះ។ គឺខត្តិយបរិសទ្យ ១ ព្រាហ្មណបរិសទ្យ ១ គហបតិបរិសទ្យ ១ សមណបរិសទ្យ ១ ចាតុម្មហារាជិកបរិសទ្យ ១ តាវត្តឹង្សបរិសទ្យ ១ មារបរិសទ្យ ១ ព្រហ្មបរិសទ្យ ១។ ម្នាលភិក្ខុទាំងឡាយ តថាគតធ្លាប់បានចូលទៅរកខត្តិយបរិសទ្យជាច្រើនរយ។ ក្នុងបរិសទ្យនោះ តថាគតធ្លាប់អង្គុយជាមួយផង ធ្លាប់ចរចាជាមួយផង ធ្លាប់ដល់នូវការសាកច្ឆាជាមួយផង សម្បុររបស់ជនទាំងនោះ ក្នុងបរិសទ្យនោះ យ៉ាងណា សម្បុររបស់តថាគត ក៏យ៉ាងនោះដែរ សំឡេងរបស់ជនទាំងនោះ យ៉ាងណា សំឡេងរបស់តថាគត ក៏យ៉ាងនោះដែរ មួយទៀត តថាគត បានញុំាងជនទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា កាលដែលតថាគត កំពុងនិយាយ ជនទាំងនោះ មិនស្គាល់ថា ជនដែលកំពុងនិយាយនេះ ជាអ្វីហ្ន៎ ជាទេវតា ឬមនុស្សដូច្នេះឡើយ លុះតថាគតញុំាងជនទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏បាត់ទៅ កាលដែលតថាគតបាត់ទៅហើយ ចំណែកជនទាំងនោះ នៅតែមិនស្គាល់ថា ជនដែលបាត់ទៅហើយនេះ ជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្សដូច្នេះឡើយ។
ID: 636854723917188622
ទៅកាន់ទំព័រ៖